Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សាធារណរដ្ឋចិនក្រោយបដិវត្តន៍ឆ្នាំ១៩១១

         នៅថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩១២ ក្រុមបដិវត្តន៍​ដឹកនាំ​ដោយ​ស៊ុន យ៉ាតសេន បាន​ប្រកាស​​ជាផ្លូវការ​ បង្កើត​របបសាធារណរដ្ឋ​​មួយឡើង ដោយ​មាន​ស៊ុន យ៉ាតសេន ជា​ប្រធានាធិបតី​បណ្តោះអាសន្ន។ ក៏ប៉ុន្តែ នៅពេលនោះ បដិវត្តន៍​របស់​ស៊ុន យ៉ាតសេន នៅ​មិនទាន់​បាន​ទទួល​ជោគជ័យ​ ក្នុងការ​ផ្តួលរំលំ​​រាជវង្ស  ឆេង​នៅឡើយទេ។ រហូត​ទាល់តែ​ដល់​ខែ​កុម្ភៈ ទើប​របបរាជានិយម​ចិន​ត្រូវ​ដួលរលំ​ជា​ស្ថាពរ ក្រោយ​ពី​ស្តេច​ឆេង​​សុខចិត្ត​ដាក់រាជ្យ ក្រោម​ការ​បង្ខិតបង្ខំ​របស់​ យ័ន ស៊ីខាយ ដែល​ជា​អតីត​មេទ័ព និង​ជា​នាយករដ្ឋមន្រ្តី​​តែងតាំង​ដោយ​ស្តេច​ឆេង​ខ្លួនឯងផ្ទាល់។
      ដោយសារ​តែ​​យ័ន ស៊ីខាយ បាន​ជួយ​ជ្រោមជ្រែង​ក្រុម​បដិវត្តន៍​ក្នុងការ​ផ្តួលរំលំ​រាជវង្សឆេង ហើយ​ម្យ៉ាងទៀត យ័ន ស៊ីខាយ នៅ​មាន​អំណាច​ទ័ព​ខ្លាំង ស៊ុន យ៉ាតសេន ដែល​​ទើប​នឹង​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​​បាន​តែ​ជាង ២ខែ ក៏​បាន​សុខចិត្ត​ទុក​តំណែង​ជា​ប្រធានាធិបតី​នេះ​ទៅ​ឲ្យ​ យ័ន ស៊ីខាយ ជា​អ្នក​កាន់កាប់វិញ។ យ័ន ស៊ីខាយ ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩១២ ហើយ​បាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ពេញសិទ្ធិ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​១៩១៣។
 
រូប​របស់​យ័ន ស៊ីខាយ (ឆ្វេង( និង​ស៊ុន យ៉ាតសេន រួមជាមួយ​នឹង​ទង់ជាតិ​ដើម​ដំបូង​នៃ​សាធារណរដ្ឋ​ចិន

         នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​តៃវ៉ាន់ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា សាធារណរដ្ឋ​ចិន ហើយ​ដែល​តាំងខ្លួន​ជា​រដ្ឋ​បន្តវេន​នៃ​របបសាធារណរដ្ឋ​ក្រោយ​បដិវត្តន៍​ឆ្នាំ ​១៩១១ នៅតែ​ចាត់ទុក​ ស៊ុន យ៉ាតសេន ​ជា​ប្រធានាធិបតី​ទីមួយ ​នៃ​សាធារណរដ្ឋ​ចិន បើទោះបី​ជា​លោក ​បាន​កាន់តំណែង​ត្រឹម​ជា​ប្រធានាធិបតី​       បណ្តោះអាសន្ន​តែ​ រយៈពេល​ជាង២ខែ​ក៏ដោយ។ គណបក្ស​គួមីនតាងដែល​បង្កើតឡើងដោយ​ស៊ុន យ៉ាត សេន នៅតែ​ជា​គណបក្ស​កាន់អំណាច​នៅ​តៃវ៉ាន់ រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ។
        គួមីនតាង ដែល​មាន​ន័យ​ថា គណបក្ស​ជាតិនិយមចិន ត្រូវ​បាន​បង្កើត​ឡើង​ជាផ្លូវការ នៅថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​១៩១២ ដោយ​មាន​ស៊ុន យ៉ាតសេន ជា​ស្ថាបនិក និង​ជា​ប្រធានបក្ស។ ស៊ុន យ៉ាតសេន មាន​ចក្ខុវិស័យ​ចង់​ឲ្យ​គណបក្ស​គួមីនតាង​នេះ ជា​កម្លាំង​ប្រឆាំង​ដ៏ធំមួយ​ ដើម្បី​ជា​តុល្យភាព​ទប់ទល់​នឹង​អំណាច​របស់​ យ័ន ស៊ីខាយ ដែល​ជា​ប្រធានាធិបតី ហើយ​ដែល​ធ្លាប់​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជវង្សឆេង។
      នៅ​ខែ​ធ្នូ ឆ្នាំ​១៩១២ ការ​បោះឆ្នោត​សភា​ត្រូវ​បាន​រៀបចំ​ធ្វើឡើង ដែល​ជា​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ជាង ២ពាន់ឆ្នាំ​របស់​ចិន។ បើទោះបីជា​មិនមាន​បទពិសោធន៍​​ខាង​ប្រជាធិបតេយ្យ ការបោះឆ្នោត​សភា នៅ​ឆ្នាំ​១៩១២​នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​គណបក្ស​គួមីនតាង របស់​ស៊ុន យ៉ាតសេន បាន​ទទួល​ជោគជ័យ​យ៉ាងច្រើន​លើសលុប លើ​គណបក្ស​ណាៗ​ទាំងអស់ ដែល​ជា​គូប្រជែង ដោយ​រាប់ទាំង​គណបក្ស​របស់​យ័ន ស៊ីខាយ​ផង។
       ក៏ប៉ុន្តែ នៅ​ក្រោយ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​នេះ សុង ជៀវចេន (Song Jiaoren) មេដឹកនាំ​មួយរូប​នៃ​គណបក្ស​គួមីនតាង ហើយ​ដែល​តាម​ធម្មតា​ត្រូវ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ ស្រាប់​តែ​ត្រូវ​បាន​គេ​ធ្វើឃាតក​បាញ់​សម្លាប់ នៅ​ក្នុងពេល​កំពុង​ចាំឡើងជិះរថភ្លើង ពីទីក្រុង​សៀងហៃ សំដៅ​មក​វិមាន​រដ្ឋសភា នៅ​​រដ្ឋធានី​ប៉េកាំង។
        នៅ​ក្រោយ​ពី សុង ជៀវចេន ត្រូវ​គេ​បាញ់​សម្លាប់ ឃាតក​មិនត្រូវ​បាន​គេ​រកមុខឃើញ​នោះទេ ក៏ប៉ុន្តែ គេ​រកឃើញ​តម្រ៉ុយ​ជាច្រើន​បង្ហាញ​ថា ឃាតក​មាន​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​របស់​យ័ន ស៊ីខាយ។ ​ក្រុម​របស់​ស៊ុន យ៉ាតសេន បាន​នាំគ្នា​សង្ស័យថា ការ​ធ្វើ​ឃាត​នេះ គឺ​ចេញ​ពី​បញ្ជា​របស់​ យ័ន ស៊ីខាយ ផ្ទាល់​។ ជម្លោះ រវាង​ក្រុម​ស៊ុន យ៉ាតសេន និង​ក្រុម​យ័ន ស៊ីខាយ ក៏​បាន​ផ្ទុះឡើង​ទៅជា​ជម្លោះ​ប្រដាប់​អាវុធ ហើយ​ក្រុម​របស់​ស៊ុន យ៉ាតសេន បាន​ប្រកាស​ធ្វើ​បដិវត្តន៍​ជាលើកទី២ ដើម្បី​ផ្តួលរំលំ​របបដឹកនាំ​របស់​យ័ន ស៊ីខាយ។ ក៏ប៉ុន្តែ ដោយ​មាន​កម្លាំង​ប្រដាប់អាវុធ​ទន់ខ្សោយ ចលនា​បដិវត្តន៍​​​នេះ​ត្រូវ​កងទ័ព​របស់​យ័ន ស៊ីខាយ វាយបំបាក់ ហើយ​ស៊ុន យ៉ាតសេន ក៏​​ត្រូវ​បង្ខំចិត្ត​​រត់ភៀសខ្លួន​ទៅ​ជ្រក​កោន​ ក្នុង​ប្រទេស​ជប៉ុន​សាជាថ្មីម្តងទៀត។
       យ័ន ស៊ីខាយ​វិញ ក្រោយ​ពី​បាន​យកជ័យជម្នះ​លើ​ក្រុមបដិវត្តន៍​របស់​ស៊ុន យ៉ាតសេន ក៏​បាន​ប្រមូល​យក​អំណាច​រដ្ឋ​ទាំងអស់​យក​មក​ក្តោបក្តាប់​តែ​ម្នាក់ឯង ហើយ​​ដោយសារ​តែ​មាន​គំនិត​ចាក់ឫស​តែ​នៅ​ក្នុង​របៀប​ដឹកនាំ​តាមបែបរាជានិយម ដែល​ជា​បទពិសោធន៍​ទទួល​បាន​ពី​ពេល​ធ្វើ​ជា​មន្រ្តី​ក្នុង​រាជវង្សឆេង យ័ន ស៊ីខាយ ក៏​បាន​បែក​គំនិត​ចង់​បង្កើត​ទៅជា​របបរាជានិយម​ឡើងវិញ។
     នៅ​ក្នុង​គំនិត​របស់​យ័ន ស៊ីខាយ របបសាធារណរដ្ឋ​គ្រាន់តែ​ជា​សម័យ​អន្តរកាល​មួយ​ ដើម្បី​កម្ចាត់​​ពួក​ម៉ាន់ជូ​ពី​អំណាចតែ​ប៉ុណ្ណោះ។ ឥឡូវនេះ រាជវង្សឆេង​របស់​ពួកម៉ាន់ជូ​ត្រូវ​ដួលរលំ​ទៅហើយ បដិវត្តន៍ និង​សម័យ​អន្តរកាល​គួរ​តែ​ត្រូវ​បិទបញ្ចប់ ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ ហើយ​យ័ន ស៊ីខាយ យល់ថា មានតែ​របបរាជានិយម​ទេ ដែល​អាច​រក្សា​ស្ថិរភាព​នយោបាយ​នេះ​បាន ដោយសារ​តែ​តាំង​ពី​រាប់ពាន់​ឆ្នាំ​កន្លងទៅនេះ ​ប្រជាជន​ចិនមាន​ទម្លាប់​រស់នៅ​តែ​ក្រោម​របបរាជានិយម​បែបនេះ។
 
យ័ន ស៊ីខាយ អតីត​មេទ័ព​ក្នុង​រាជវង្សឆេង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន និង​ក្រោយ​មក​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ចិន
 
       នៅ​ខែ​ធ្នូ ឆ្នាំ​១៩១៥ យ័ន ស៊ីខាយ ក៏​បាន​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ ហើយ ៤ឆ្នាំ ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​រាជវង្សឆេង ​ចិន​ក៏​បាន​វិលត្រឡប់​ទៅរករបបរាជានិយម​ផ្តាច់ការ​ដូចពីមុនវិញ។ ក៏ប៉ុន្តែ ផ្ទុយពីការ​គិត​របស់ យ័ន ស៊ីខាយ មិនមាន​អ្នកណា​ម្នាក់​គាំទ្រ​​ការ​បង្កើត​របបរាជានិយម​នេះ​ឡើងវិញ​នោះទេ ក្រៅតែ​ពីមន្រ្តី​ជំនិតៗ​​របស់​យ័ន ស៊ីខាយ​ផ្ទាល់។
     ចលនា​ប្រឆាំង​នឹង​របបរាជានិយម​របស់​យ័ន ស៊ីខាយ ក៏​បាន​ផ្ទុះឡើង ហើយ​រីកដុះដាល​កាន់តែ​ខ្លាំង។ មន្រ្តី​​ដែល​ធ្លាប់​តែ​គាំទ្រ​ យ័ន ស៊ីខាយ ពី​មុន ក៏​ក្លាយ​ជា​ក្រុម​ប្រឆាំង។ រហូត​ដល់​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​១៩១៦ យ័ន ស៊ីខាយ ក៏​បាន​ប្រកាស​រំលាយ​របបរាជានិយម បោះបង់​ងារ​ជា​អធិរាជ ត្រឡប់​ទៅ​កាន់តំណែង​ជា​ប្រធានាធិបតី​ដូចពីមុនវិញ។ ក៏ប៉ុន្តែ ទាំងអស់​នេះ​មិនបាន​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​ស្ងប់ចិត្ត​នោះទេ ដោយ​ពួកគេ​ទាមទារ​ឲ្យ យ័ន ស៊ីខាយ ឈប់ដឹកនាំ​ប្រទេស ហើយ​ចុះចេញ​ពីតំណែងជា​ប្រធានាធិបតី​តែម្តង។ ក៏ប៉ុន្តែ យ័ន ស៊ីខាយ ត្រូវ​ទទួលមរណភាព​ដោយ​ជំងឺ នៅថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​១៩១៦ ពោលគឺ តែជាង ២ខែប៉ុណ្ណោះ ក្រោយ​ពី​បាន​ប្រកាស​រំលាយ​របបរាជានិយម និង​បោះបង់​ងារ​ជា​អធិរាជ។
       ក្រោយ​មរណភាព​របស់ យ័ន ស៊ីខាយ អតីត​មេទ័ព​របស់ យ័ន ស៊ីខាយ បាន​បែកខ្ញែកគ្នា ហើយ​យក​កងទ័ព​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​ពួកគេ​យក​ទៅ​ធ្វើការ​បម្រើ​ ផលប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​រៀងៗ​ខ្លួន។ ចិន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល ដោយ​គ្មាន​មេដឹកនាំ​ណា​ ដែល​មាន​អំណាច​គ្រប់គ្រង​ប្រទេស​ទាំងមូលបាន។ មេកន្ទ្រាញ​ធំតូច នាំគ្នា​ត្រួតត្រា​ទឹកដី​របស់​ខ្លួន​ដូចស្តេច ចំណែក​ឯ​រដ្ឋាភិបាល​កណ្តាលវិញ​ គ្រប់គ្រង​បាន​ត្រឹមតែ​នៅ​រដ្ឋធានី​ប៉េកាំង​មួយ​ប៉ុណ្ណោះ។
      សម័យកាល​វឹកវរ​នេះ ដែល​គេ​ឲ្យ​ឈ្មោះ​ថា សករាជមេកន្រ្ទាញ បាន​អូសបន្លាយ​ពេល​ជាង ១០ឆ្នាំ ពោលគឺ ចាប់តាំង​ពី​មរណភាព​របស់​យ័ន ស៊ីខាយ នៅ​ឆ្នាំ​១៩១៦ រហូត​ដល់​ពេល​ដែល​ក្រុម​ជាតិនិយម​គួមីនតាងវិលត្រឡប់​មក​កាន់​អំណាច​វិញ នៅ​ឆ្នាំ​១៩២៨។ នៅពេលនោះ ក្រុមជាតិនិយម​គួមីនតាង ស្ថិត​ក្រោម​ការ​ដឹកនាំរបស់​ ចាង កាយចៀក (Chiang Kai Shek) ដែល​បាន​បន្តវេន​ពី ស៊ុន យ៉ាតសេន ដែល​ទទួលមរណភាព កាល​ពី​ឆ្នាំ​១៩២៥ ដោយ​ជំងឺ​មហារីក​ថ្លើម៕